ទីផ្សារខុនដូឆ្នាំ២០២៣មានសកម្មភាពល្អប្រសើរឡើងវិញជាបណ្តើរៗ និងបន្តវិជ្ជមាននៅក្នុងឆ្នាំថ្មី
ភ្នំពេញ ៖ ទីផ្សារខុនដូ និងអចលនទ្រព្យផ្សេងទៀត នឹងងើបឡើងតាមសេដ្ឋកិច្ច ខណៈកម្ពុជានឹងបន្តមានកំណើនសេដ្ឋកិច្ចប្រមាណ ៦ ភាគរយ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។ ទោះយ៉ាងណាក៏ដោយ កម្ពុជាមានបញ្ហារំហូរសាច់ប្រាក់ អ្នករកស៊ីមួយចំនួនខ្វះខាតទុន ដូច្នេះទីផ្សារអចលទ្រព្យក៏ខ្វះខាតដែរ។ នេះបើតាមការលើកឡើងរបស់លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ។
លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានលើកឡើងថា ទីផ្សារខុនដូនាឆ្នាំ២០២៣ នេះគឺហាក់មានភាពល្អប្រសើរធៀបជាមួយនឹងឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២ ហើយសង្ឃឹមថាឆ្នាំ២០២៤ នឹងមានកំណើនល្អប្រសើរជាងនេះទៅទៀត។
លោក ខន គង្គា បានបន្តថា ៖ «ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារអចលនទ្រព្យក្នុងតំបន់ និងពិភពលោក យើងឃើញថាកម្ពុជា ជាទីផ្សារដែលមានសក្តានុពលខ្ពស់ត្បិតតម្លៃអចលនទ្រព្យនៅប្រទេសរបស់យើងស្ថិតក្នុងតម្លៃសមរម្យ មានកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គម ភាពនឹងនរនយោបាយ បរិកាសវិនិយោគមានភាពទាក់ទាញ ដែលសុទ្ធសឹងជាកត្តាជំរុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ យើងមានជឿជាក់យ៉ាងខ្លាំងទៅលើទីផ្សារខុនដូក្នុងរយៈពេលវែង ដោយសារយើងសង្កេតឃើញថាប្រាក់ចំណូល និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជាកំពុងបន្តកើនឡើងវិជ្ជមានជាលំដាប់»។
ចំណែកលោក Marcus Chu នាយកប្រតិបត្តិ ERA ប្រចាំនៅសិង្ហបុរី និងអាស៊ីប៉ាស៊ីហ្វិក បានឱ្យ AMS Economy ដឹងដែរថា វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៤ រំពឹងថា នឹងរើបឡើងវិញ ដោយសារកំណើនទេសចរ និងវិនិយោគិន ហើយអចលនទ្រព្យមានតម្លៃទាបល្អជាងបណ្តាប្រទេសផ្សេងៗ ខណៈតម្រូវការអចលនទ្រព្យនៅតែមាន ហើយមានឱកាសចំណេញច្រើន។
លោកបានឱ្យដឹងទៀតថា ខ្លួនលោកផ្ទាល់ ក៏បានទិញខុនដូនៅកម្ពុជាផងដែរ ដោយសារតែតម្លៃធូរថ្លៃ បើធៀបនឹងបណ្តាប្រទេសផ្សេងៗ ហើយមានឱកាសអាចចំណេញនៅពេលអនាគត ហើយបើធៀបតម្លៃខុនដូនៅកម្ពុជា ជាមួយនឹងខុនដូនៅប្រទេសសិង្ហបុរីគឺខុសគ្នាដល់ទៅ១០ដងឯណោះ៕