ទីផ្សារខុនដូឆ្នាំ២០២៣មានសកម្មភាពល្អប្រសើរឡើងវិញជាបណ្តើរៗ និងបន្តវិជ្ជមាននៅក្នុងឆ្នាំថ្មី

ភ្នំពេញ ៖ ទីផ្សារខុនដូ និងអចលនទ្រព្យផ្សេងទៀត នឹងងើបឡើងតាមសេដ្ឋកិច្ច ខណៈកម្ពុជានឹងបន្តមានកំណើនសេដ្ឋកិច្ចប្រមាណ ៦ ភាគរយ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។ ទោះយ៉ាងណាក៏ដោយ កម្ពុជាមានបញ្ហារំហូរសាច់ប្រាក់ អ្នករកស៊ី​មួយចំនួនខ្វះខាតទុន ដូច្នេះទីផ្សារអចលទ្រព្យក៏ខ្វះខាតដែរ។ នេះបើតាមការលើកឡើងរបស់លោក សន សៀប ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ។

លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានលើកឡើងថា ទីផ្សារខុនដូនាឆ្នាំ២០២៣ នេះគឺហាក់មានភាពល្អប្រសើរធៀបជាមួយនឹងឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២ ហើយសង្ឃឹមថាឆ្នាំ២០២៤ នឹងមាន​កំណើន​ល្អប្រសើរជាងនេះទៅទៀត។

លោក ខន គង្គា បានបន្តថា ៖ «ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារអចលន​ទ្រព្យក្នុង​តំបន់ និងពិភពលោក យើងឃើញថាកម្ពុជា ជាទីផ្សារ​ដែល​មាន​សក្តានុពលខ្ពស់ត្បិតតម្លៃអចលនទ្រព្យនៅប្រទេសរបស់យើងស្ថិតក្នុងតម្លៃសមរម្យ មានកំណើន​សេដ្ឋកិច្ច​ និង​ស្ថិរភាពសង្គម ភាពនឹងនរនយោបាយ បរិកាសវិនិយោគ​មានភាព​ទាក់ទាញ ដែលសុទ្ធសឹងជាកត្តាជំរុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ យើងមាន​ជឿ​ជាក់យ៉ាងខ្លាំងទៅលើទីផ្សារខុនដូក្នុងរយៈពេលវែង ដោយ​សារ​យើងសង្កេត​ឃើញថាប្រាក់ចំណូល និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា​កំពុងបន្តកើន​ឡើងវិជ្ជមាន​ជា​លំដាប់»។

ចំណែកលោក Marcus Chu នាយកប្រតិបត្តិ ERA ប្រចាំនៅសិង្ហបុរី និងអាស៊ីប៉ាស៊ីហ្វិក បានឱ្យ AMS Economy ដឹងដែរថា វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៤ រំពឹងថា នឹងរើបឡើងវិញ ដោយសារ​កំណើនទេសចរ និងវិនិយោគិន ហើយអចលនទ្រព្យ​មានតម្លៃ​ទាបល្អជាងបណ្តាប្រទេសផ្សេងៗ ខណៈតម្រូវការអចលនទ្រព្យនៅតែមាន ហើយមានឱកាសចំណេញច្រើន។

លោកបានឱ្យដឹងទៀតថា ខ្លួនលោកផ្ទាល់ ក៏បានទិញខុនដូនៅកម្ពុជាផងដែរ ដោយសារតែតម្លៃធូរថ្លៃ បើធៀបនឹងបណ្តាប្រទេសផ្សេងៗ ហើយមានឱកាសអាច​ចំណេញ​នៅ​​ពេល​អនាគត ហើយបើធៀបតម្លៃខុនដូនៅកម្ពុជា ជាមួយនឹងខុនដូនៅប្រទេសសិង្ហបុរីគឺខុសគ្នាដល់ទៅ១០ដងឯណោះ៕

Previous
Previous

ERA Cambodia ដាក់ចេញទស្សនវិស័យ សម្រាប់ឆ្នាំ២០២៤ ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូនៅកម្ពុជា

Next
Next

អគ្គនាយក ERA អះអាងថាទីផ្សារខុនដូចាប់ផ្តើមមានភាពប្រសើរឡើង